ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញសញ្ញាថា លោកទំនងជា មិនទទួលយក សំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សំណើរបស់ទីក្រុងតេអេរ៉ង់ រួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាថ្នូរនឹងការបញ្ឈប់ការឡោមព័ទ្ធផ្លូវទឹកពីសំណាក់អាមេរិក ប៉ុន្តែអ៊ីរ៉ង់ចង់ទុកបញ្ហានុយក្លេអ៊ែរឱ្យនៅដដែលសម្រាប់កិច្ចចរចានៅពេលក្រោយ។
រដ្ឋបាលលោក Trump កាន់តែរឹងបន្តឹង ដោយបញ្ជាក់ថា អាមេរិកនឹងមិនធ្វើសម្បទានឡើយ ដរាបណាមិនទាន់មានកិច្ចព្រមព្រៀងច្បាស់លាស់ដែលធានាថា អ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរបាន។ រដ្ឋលេខាធិការក្រសួងការបរទេស លោក Marco Rubio ក៏បានរិះគន់សំណើរបស់អ៊ីរ៉ង់ថា ជាការប៉ុនប៉ងគ្រប់គ្រងច្រកសមុទ្រអន្តរជាតិខុសច្បាប់។
វិបត្តិកាន់តែរីកធំឡើង បន្ទាប់ពីអ៊ីរ៉ង់បានព្យាយាមរារាំងការធ្វើដំណើរតាមច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក។ ជាការឆ្លើយតប អាមេរិកបានដាក់ពង្រាយកម្លាំងជើងទឹកដើម្បីឡោមព័ទ្ធកំពង់ផែរបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធនៅតាមផ្លូវទឹក។
អាមេរិកបានហៅការតែងតាំងអ៊ីរ៉ង់ឱ្យកាន់តួនាទីក្នុងសន្និសីទស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ថាជា "ការប្រមាថ" និងជា "រឿងអាម៉ាស់" ខណៈដែលអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ទាំងនេះថាជារឿងនយោបាយ។
ស្របពេលជាមួយគ្នានេះ ក៏មានការរាយការណ៍អំពីភាពវឹកវរ និងការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែន រួមទាំងការប្រើប្រាស់ដ្រូនវាយប្រហារនៅតំបន់ Kurdistan ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃសង្គ្រាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ា។
អត្ថបទដកស្រង់ CNN
