ក្នុងចំណោមភពចម្លែកៗដែលអ្នកវិទ្យាសាស្ត្របានរកឃើញក្នុងសកលលោក ភព HD 189733b ត្រូវបានគេចាត់ទុកថាជាភពដែលគ្រោះថ្នាក់ និងគួរឱ្យខ្លាចបំផុតមួយ។ បើទោះបីជាមើលពីចម្ងាយ ភពនេះមានពណ៌ខៀវស្រស់ស្អាតដូចផែនដីក៏ដោយ ប៉ុន្តែធាតុពិតវាគឺជា "នរក" ដ៏ក្តៅគគុកមួយ។
សម្រស់ដែលបង្កប់ដោយគ្រោះថ្នាក់ ពណ៌ខៀវដែលយើងឃើញ មិនមែនជាទឹកសមុទ្រដូចផែនដីឡើយ តែវាគឺជាពពកនៃភាគល្អិត "ស៊ីលីកាត" (Silicate) ដែលជាធាតុផ្សំបង្កើតកញ្ចក់។ ដោយសារភពនេះស្ថិតនៅកៀកផ្កាយមេរបស់វាខ្លាំងពេក កម្ដៅនៅលើនោះកើនឡើងដល់ទៅជាង ៩០០ អង្សាសេ ដែលធ្វើឱ្យភាគល្អិតទាំងនេះរលាយក្លាយជាកញ្ចក់រាវពាសពេញបរិយាកាស។
ភ្លៀងកញ្ចក់បោកទទឹងទិស អ្វីដែលរន្ធត់បំផុតនោះគឺ "ភ្លៀង"។ នៅលើភព HD 189733b ភ្លៀងមិនមែនធ្លាក់ចុះក្រោមត្រង់ៗដូចនៅផ្ទះយើងទេ ប៉ុន្តែវាធ្លាក់មកជា "អំបែងកញ្ចក់" ហើយបោកបក់មកទទឹងទិសតាមកម្លាំងខ្យល់។ ខ្យល់ព្យុះនៅលើភពនេះបក់ក្នុងល្បឿនលឿនខ្លាំង រហូតដល់ទៅជាង ៨,៧០០ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺលឿនជាងល្បឿនសំឡេងដល់ទៅ ៧ ដង។
ល្បឿនខ្យល់មហាវិលាស ជាមួយល្បឿនខ្យល់ដ៏លឿនដូចគ្រាប់កាំភ្លើងបែបនេះ តំណក់ភ្លៀងកញ្ចក់រាវទាំងនោះនឹងក្លាយជាអាវុធដ៏មុតស្រួច ហោះហែកហួរគ្រប់យ៉ាងដែលវានៅក្បែរ។ បើមានមនុស្សទៅឈរនៅទីនោះ យើងនឹងមិនត្រឹមតែត្រូវរលាយដោយសារកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែនឹងត្រូវអំបែងកញ្ចក់រាប់លានហោះកាត់រាងកាយក្នុងល្បឿនមហាវិលាសទៀតផង។
បច្ចុប្បន្ន ភព HD 189733b ស្ថិតនៅចម្ងាយប្រហែល ៦៤ ឆ្នាំពន្លឺពីផែនដី ហើយវានៅតែជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយសម្រាប់អ្នកវិទ្យាសាស្ត្រ ក្នុងការសិក្សាអំពីភាពអស្ចារ្យ និងភាពសាហាវយង់ឃ្នងនៃចក្រវាលយើងនេះ។
